16/06/2026
ប្រាកដណាស់ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ អ្នកនឹងទទួលបានក្រដាសមួយសន្លឹកដែលមានឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងរូបថតរបស់អ្នកនៅលើក្រដាសមួយសន្លឹក ហើយក្រដាសមួយសន្លឹកនេះក៏ធ្វើឱ្យក្រុមគ្រួសារ ជាពិសេសឳពុកម្ដាយរបស់អ្នកមានមោទកភាពចំពោះអ្នក ក៏ដូចជាមានមោទកភាពចំពោះពួកគាត់ដែលពួកគាត់បានបំពេញតួនាទីឳពុកម្ដាយដ៏ល្អសម្រាប់អ្នក។ វាជាក្រដាសមួយសន្លឹក ដែលមិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលបាន ហើយក៏មានអ្នកតូចចិត្តនឹងវាសនាដែលខ្លួនគ្មានឱកាសដូចគេ។
សម្រាប់កូនអ្នកមានធនធាន មានអំណាច ក្រដាសមួយសន្លឹកនេះប្រហែលជាមិនសូវជាមានតម្លៃ ប៉ុន្ដែសម្រាប់មនុស្សទូទៅ ជាពិសេសអ្នកមកពីគ្រួសារខ្វះខាត វាបានបញ្ជាក់ពីការខិតខំប្រឹងប្រែងតស៊ូមិនបោះបង់រយៈពេលជាច្រើនឆ្នាំ។ មានឳពុកម្ដាយ បងប្រុសបងស្រីជាច្រើនដែលបានលះបង់ក្ដីសុខផ្ទាល់ខ្លួន ខិតខំធ្វើការរកស៊ីមិនខ្វល់ពីសុខភាព មានហ៊ានហូបចុកតាមចិត្ដចង់ មិនហ៊ានសម្រាកពេលនឿយហត់ និងមិនហ៊ានឈប់ពេលឈឺ គឺដើម្បីសមាជិកគ្រួសារអាចទទួលបានក្រដាសបញ្ជាក់មួយសន្លឹកដែលសង្គមទទួលស្គាល់ ហើយស្ថាប័ននិងក្រុមហ៊ុននានាសួររកពេលដាក់ពាក្យធ្វើការ។
ប្រាកដណាស់សញ្ញាបត្រមិនបានបញ្ជាក់ពីចរិកលក្ខណៈ ចរិយាមាយាទ និងសមត្ថភាពរកលុយនោះទេ តែសញ្ញាបត្របានបញ្ជាក់នូវការទទួលខុសត្រូវ ការតាំងចិត្ត ការតស៊ូ និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ដែលមិនបោះបង់រហូតត្រូវបានស្ថាប័នអប់រំមួយទទួលស្គាល់ជាផ្លូវការ។ នៅពេលដែលការអប់រំមិនត្រូវបានឱ្យតម្លៃ តើសង្គមមួយអាចឈានទៅមុខបានឆ្ងាយប៉ុណ្ណា? នៅសង្គមចិនដែលឆ្លងកាត់សង្គ្រាមបំផ្លិចបំផ្លាញរាប់មិនអស់តាំងពីសម័យបុរាណ ហើយត្រូវបរទេសពុះជ្រៀកហែកហួរចែកគ្នាគៀបសង្កត់អស់ពេលមួយរយឆ្នាំ តែនៅតែអាចថែរក្សាមរតកវប្បធម៌ ប្រពៃណី ហើយថែមទាំងអាចងើបឡើងវិញក្នុងពេលដ័លឿនក្លាយជាមហាអំណាច នោះក៏ដោយសារការឱ្យតម្លៃលើការសិក្សា ដែលរហូតមកដល់ពេលនេះសង្គមចិននៅតែឱ្យតម្លៃលើឃ្លាមួយថា “ការសិក្សាអាចផ្លាស់ប្ដូរជោគវាសនាបាន”។