01/06/2026
ព័ត៌មានស្រុកថៃ បានផ្សាយព្រោងព្រាតអំពី ការសង់របងព្រំដែន និងការសាងសង់ ហេដ្ឋរចនាសម្ព័ន្ធតាមទីតាំង ដែលខ្លួនកាន់កាប់ខុសច្បាប់? ក្នុងនោះ! សាស្រ្តាចារ្យថៃម្នាក់ បានចេញលិខិតចំហរទៅកាន់អនុទីន ទាក់ទងនឹង “ការអះអាងថា មិនទទួលស្គាល់ផែនទីព្រំដែន កម្ពុជា-ថៃ ដែលបាន ព្រមព្រៀង និងតម្កល់ទុកនៅអន្តរជាតិ”? ក្នុងនោះ មានរឿងខ្លះ យើងអាចគិត៖
ទី១- តាមរយៈលិខិតចំហរនោះ! លោក Surachart Bamungsuk បានដាស់តឿន ទៅកាន់អនុទីនរវាង ហេតុផលនយោបាយ និងហេតុផលច្បាប់ ដោយលោកសង្កត់ធ្ងន់ថា “វាគួរណាតែជារឿងបច្ចេកទេស ពិសេសគឺអ្នកជំនាញព្រំដែន ដោយពុំមែនជារឿងនយោបាយឡើយ” ហើយប្រសិនជាថៃប្រកាន់យកផែនទីខ្នាត 1:50,000 ដោយមិនទទួលស្គាល់ផែនទីខ្នាត 1:200,000 នោះថៃអាចនឹងខុសច្បាប់អន្តរជាតិជាដើម? លោក បន្ថែមទៀតថា “ផែនទីត្រូវរៀបចំឡើងដោយគណៈកម្មការបោះបង្គោលព្រំដែន ធ្វើឡើងស្របតាមអនុសញ្ញាឆ្នាំ1904 និងសន្ធិសញ្ញា ឆ្នាំ1907 ហើយមានការបោះពុម្ពផ្សាយផែនទីចំនួន៥០ច្បាប់ ដើម្បីផ្ញើជូនរដ្ឋាភិបាលសៀម តាមរយៈស្ថានទូតសៀមប្រចាំទីក្រុងប៉ារីស ហើយថៃបានទទួលផែនទីទាំងនោះនៅក្នុងខែសីហា ឆ្នាំ1908។ សំណួរ៖ តើការលើកឡើងរបស់លោក Surachart Bamungsuk ដោយមានការចែករំលែកបន្ត (Share) ដោយប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន, អនុទីននឹងតបវិញបែបណា? សូមតាមដាន!
ទី២- ការអូសដំណើររបស់អនុទីន! បើតាមលោក Surachart Bamungsuk និងបក្សប្រឆាំងថា អាចសន្មតបានថា “ជាការជ្រើសរើសផ្លូវនយោបាយ ដើម្បីអំណាចជាជាងច្បាប់ទម្លាប់អន្តរជាតិ” ហើយរបៀបដែលប្រទេសមួយមិិនគោរពច្បាប់ទម្លាប់បែបនេះ រូបភាពនៃការរំលាភបំពាន និងការដុតកំហឹង នឹងមានមានជាហូហែរ? តើនេះ គឺជាហេតុផលមួយ ដែលអនុទីនខ្លួនឯង អាចកាន់អំណាចបន្តបាន ក្នុងសេណារីយូរបស់ក្រុមជ្រុលនិយមថៃ?
ទី៣- ជាគំនិតមួយ! ខ្ញុំបានអានស្នាដៃមួយ ដែលមានចំណងថា “សណ្តាប់ធ្នាប់ពិភពលោក៖ ការពិចារណាស៊ីជម្រៅ អំពីចរិតលក្ខណៈនៃប្រជាជាតិ និងគន្លងប្រវត្តិសាស្ត្រ ‘*បកប្រែក្រៅផ្លូវការ’ (World Order: Reflections on the Character of Nations and the Course of History) ដោយលោក Henry Kissinger។ លោក បានពន្លេចក្នុងស្មាដៃនោះថា “សន្តិភាពប្រកបដោយចីរភាព មិនអាចពឹងផ្អែកតែលើគោលការណ៍ច្បាប់ ឬការអំពាវនាវតាមផ្លូវសីលធម៌ តែម្យ៉ាងបានឡើយ។ ផ្ទុយទៅវិញ វាតម្រូវឱ្យមានតុល្យភាពរវាង “ភាពស្របច្បាប់” (ដែលជាបទដ្ឋានអន្តរជាតិត្រូវបានទទួលស្គាល់ជាទូទៅ) និង “អំណាច” (ដែលជាសមត្ថភាពក្នុងការធានានូវការអនុវត្តបទដ្ឋានទាំងនោះ)។
ក្នុងនោះ លោក Henry Kissinger ពន្លេចរឿង ៣យ៉ាង៖
* ទី១-ជៀសវាងអន្ទាក់នៃសង្គ្រាមទ្រង់ទ្រាយធំ? (Avoid the Trap of Total War) ដោយជ្រើសរើស យកការអត់ធ្មត់ប្រកបដោយការគណនាយុទ្ធសាស្ត្រជាក់លាក់បំផុត ជាជាងការបណ្តោយឱ្យកម្លាំងប៉ះគ្នាទ្រង់ទ្រាយធំ ដែលនាំឱ្យជម្លោះកាន់តែរីករាលដាល ដើម្បីការពារនូវឧត្តមប្រយោជន៍ និងការរស់រានមានជីវិតរបស់ជាតិមាតុភូមិក្នុងរយៈពេលវែង (ប៉ះជីវិត ប៉ះសេដ្ឋកិច្ច ប៉ះគ្រប់សព្វ?) ។
* ទី២- កសាងសម្ព័ន្ធភាព និងការធ្វើឱ្យឯកោតាមផ្លូវការទូត (Build a Coalition: Diplomatic Isolation) សំដៅ លើការប្រើប្រាស់វេទិកាអន្តរជាតិ យន្តការទូត ដើម្បីដាក់សម្ពាធលើភាគីដែលមិនគោរពច្បាប់អន្តរជាតិ។
* ទី៣- ការចរចាដោយឈរលើភាពខ្លាំង (Negotiate from Strength) គឺការរក្សាលំនឹងភាពខ្លាំង ដោយសំដៅទាំង “កម្លាំងសាមគ្ដីជាតិផ្ទៃក្នុង” និងជ្រើសរើសភាពខ្លាំង គេចចេញពីការដាក់សម្ពាធ ឬក្រោមសេណារីយូណាមួយដែលបាត់ប្រយោជន៍ជាតិ? នេះ គឺជាគំនិតមួយដែលខ្ញុំបានឆ្លុះបញ្ចាំង បន្ថែមលើស្ថានការណ៍មួយផ្នែក សម្រាប់បងប្អូនពិចារណាលើជម្លោះនេះ ពិសេសគឺ “ពេលដែលប្រទេសមួយ មិនគោរពច្បាប់អន្តរជាតិជាដើម”។
បងប្អូនប្រិយមិត្តអ្នកអាន! ដំណាក់កាលសង្រ្គាម សូមរក្សាជំហរនៃការសាមគ្ដីគ្នា ជាជាង “និយាយ ខុសពីការពិត”! ជាជាង “បន្ទោសដាក់គ្នា ពាក់មុខយក្សដាក់គ្នា ខុសពេលវេលា” ឬ ហែកហួរគ្នាក្នុងគ្រាអាសន្នជាដើម? ខ្ញុំខ្លួនឯង ទទួលបានមតិរាប់ពាន់នាក់ ដែលខុសគ្នាទាំងអស់។ ក្នុងនោះខ្ញុំស្ដាប់ហើយទទួលទាំងអស់ ព្រោះខ្ញុំទទួលអារម្មណ៍ និងទំហំនៃភាពឈឺចាប់ ដែលបងប្អូន និងខ្ញុំខ្លួនឯង មានដូចគ្នា។ យើងមានសិទ្ធបញ្ចេញ ហើយសូមបញ្ចេញឱ្យចំគោលដៅ។ កម្លាំងសរុបមួយ ដែលយើងមាន “គឺការគាំទ្រផលិតក្នុងស្រុក” ដែលកម្លាំងនេះ នឹងមានឥទ្ធិពលដូរភាពឈឺចាប់ទៅជាកម្លាំងបាន (ត្រូវការជារៀងរហូត)។ បន្ទាប់ពីនោះ! គឺពង្រឹងងសាមគ្ដី ពង្រឹងកម្លាំង ពង្រឹងទ័ព ពង្រឹងអប់រំ និង ពង្រឹងសេដ្ឋកិច្ចជាដើម។ យើងនេះហើយ ជាអ្នករួមចំណែកមុនគេ ស្របពេលដែលសត្រូវឈ្លានពាន មកទាំងដុល លើគោកបែបនេះ។ យើងអាចយល់ឃើញខុសគ្នា ក្រុមផ្សេងគ្នា តែ “ការរក្សាសំឡេងតែមួយ” គឺជារឿងចាំបាច់! គាំទ្រផលិតផល ក្នុងស្រុក សាមគ្ដីជាកូនសោ!
ខ្ញុំរីករាយដែលបងប្អូន អានសំណេរដ៏វែងអន្លាយនេះចប់ ហើយសូម្បីតែខ្ញុំអ្នកសរសេរ ក៏គិតថាវែងដែរ តែមិនវែងជាង “ល្បិចថៃ” ចិញ្ចឹមចិត្តឈ្លានពានទឹកដីខ្មែរ រាប់ជំនាន់ឡើយ។ សុំបងប្អូនណា អានចប់សូមខម្មិនខាងក្រោមណា។
អត្ថបទ: ចម្លងពី Facebook