24/07/2026
ថ្ងៃនេះ គឺជាខួប ១ ឆ្នាំ នៃការចាប់ផ្តើមអំពើឈ្លានពានប្រដាប់អាវុធយ៉ាងកម្រោល និងអមនុស្សធម៌ជាទីបំផុតមកលើព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីពួកគេបានបង្កនូវសកម្មភាពដែលនាំឱ្យមានភាពតានតឹង និងការបង្កហេតុជាបន្តបន្ទាប់ជាច្រើនលើកច្រើនសា។ ថ្ងៃនេះ ឆ្នាំមុន យោធាថៃបានបើកការវាយប្រហារមកលើទឹកដីកម្ពុជា ដោយបាញ់ប្រហារទៅលើកងកម្លាំងកម្ពុជា ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ក្នុងដែនអធិបតេយ្យស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្ដើមពីចំណុចប្រាសាទតាមាន់ធំ និងបានពង្រីកការវាយប្រហារនៅពាសពេញខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
អំពើឈ្លានពានដ៏កម្រោលនេះ បានបង្កឱ្យមានការបាត់បង់ជីវិតវីរយុទ្ធជន និងប្រជាពលរដ្ឋស្លូតត្រង់ ការរងរបួស ការបង្ខំឱ្យប្រជាពលរដ្ឋចាកចេញពីលំនៅឋាន និងការខូចខាតដល់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងប្រាសាទបុរាណខ្មែរដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់មនុស្សជាតិ។ ការឈឺចាប់ និងការបាត់បង់ដែលបន្សល់ទុកពីសង្គ្រាមឈ្លានពាននេះ នឹងនៅតែដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជាតិកម្ពុជា ហើយនឹងក្លាយជាពន្លឺដាស់ស្មារតីស្នេហាជាតិដ៏អមតៈ ដែលនឹងបន្តដុតបញ្ឆេះឆន្ទៈកូនខ្មែរគ្រប់ជំនាន់ ឱ្យក្រោកឈររួមសាមគ្គីគ្នាការពារអធិបតេយ្យភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ជាតិខ្មែរជារៀងរហូត។
សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរយុទ្ធជនគ្រប់រូប ដែលបានលះបង់កម្លាំងកាយចិត្ត និងអាយុជីវិតក្នុងបុព្វហេតុការពារជាតិពីសត្រូវឈ្លានពាន។ សូមបួងសួងឧទ្ទិសមហាកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរយុទ្ធជន និងប្រជាពលរដ្ឋស្លូតត្រង់ដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមឈ្លានពាន និងសូមឱ្យដួងវិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។