10/08/2026
Comment faire Strings
ហេតុអ្វីបានជាមេដឹកនាំ... #ចូលចិត្តប្រើមនុស្សអាក្រក់?
[ សុវត្ថន៍គ្មានបំណងចង់និយាយប៉ះពាល់ដល់មេដឹកនាំណានោះទេ តែនេះជារឿងពិតមួយក្នុងប្រវត្តិសាស្ត្រ មានតាំងតែអតីត-បច្ចុប្បន្ន
ហើយមនុស្សភាគច្រើនក៏មិនសូវបានដឹងរឿងនេះដែរ! ]
តើអ្នកដឹងទេថា ហេតុអ្វីបានជាអធិរាជដ៏មានអំណាចបំផុតភាគច្រើន នៅក្នុងប្រវត្តិសាស្ត្រជាច្រើន តែងតែជ្រើសរើសចិញ្ចឹម "មនុស្សអាក្រក់" ទុកនៅក្បែរខ្លួន ច្រើនជាង "មនុស្សល្អ"?
នេះគឺជាអាថ៌កំបាំងងងឹតដែលត្រូវបានលាក់បាំងនៅក្នុងសិល្បៈនៃការគ្រប់គ្រងរបស់អធិរាជ វាជាវិជ្ជាដែលត្រូវបានកំណត់ឱ្យដឹងត្រឹមតែក្នុងចំណោមអ្នកគ្រប់គ្រងប៉ុណ្ណោះ ហើយមិនដែលបណ្តោយឱ្យមនុស្សធម្មតាដូចជាពួកយើងបានដឹងឡើយ។ នៅក្នុងក្បួនតម្រាគ្រប់គ្រងបុរាណ មេដឹកនាំពិតប្រាកដមិនមើលមនុស្សថាជាសាច់ឈាមនោះទេ ប៉ុន្តែមើលឃើញមនុស្សជា "កូនអុក" នៅលើក្តារ។
"ប្រើមនុស្សពាល ដើម្បីបង្ក្រាបមនុស្សពាល" ឬ យុទ្ធសាស្ត្រ "បំប៉នជ្រូកឱ្យធំ ទើបសម្លាប់យកសាច់"
ពួកគេទាញយកមនុស្សពាលចូលមកក្បែរខ្លួន ប្រមូលផ្តុំចំណុចខ្សោយរបស់ពួកវា ធ្វើពុតជាបណ្តោយឱ្យពួកវាលួចជាតិ កេងប្រវ័ញ្ច រហូតដល់ហោប៉ៅធំក្រាស់ រួចប្រើប្រាស់ "ភាពភ័យខ្លាច" ដើម្បីគំរាមកំហែងនិងគ្រប់គ្រងពួកវា នៅពេលដែលពួកវាអស់ប្រយោជន៍ អធិរាជគ្រាន់តែវាយត្រឡប់ក្រោយ រឹបអូសទ្រព្យសម្បត្តិទាំងអស់នោះបញ្ចូលឃ្លាំងហ្លួងវិញជាការស្រេច។
ការដែលអធិរាជបណ្តោយឱ្យមន្ត្រីអាក្រក់កេងប្រវ័ញ្ចរាស្ត្រ មិនមែនមកពីអធិរាជល្ងង់នោះទេ តែវាជាការគិតទុកជាមុន។
- មន្ត្រីពាលដែលពុករលួយ តែងតែមានរឿងអាស្រូវ និងកំហុសពេញខ្លួន កំហុសទាំងនេះគឺជា "ខ្សែចំណង" ដែលអធិរាជអាចប្រើដើម្បីរឹតករបស់ពួកគេគ្រប់ពេល ពួកគេត្រូវតែស្តាប់បង្គាប់អធិរាជដោយគ្មានលក្ខខណ្ឌ ព្រោះបើប្រឆាំង អធិរាជគ្រាន់តែទម្លាយកំហុសនោះ ពួកគេនឹងស្លាប់។
- អធិរាជប្រើប្រាស់មន្ត្រីពាលជាអ្នកប្រមូលលុយពីរាស្ត្រជំនួសខ្លួន ដើម្បីកុំឱ្យខូចឈ្មោះខ្លួន។ ពេលដែលមន្ត្រីនោះប្រមូលលុយបានច្រើនមហាសាល អធិរាជគ្រាន់តែប្រកាសកាត់ទោសមន្ត្រីនោះពីបទពុករលួយ លទ្ធផល គឺ អធិរាជទទួលបានលុយទាំងអស់ចូលឃ្លាំងវិញ ថែមទាំងទទួលបានការស្ញប់ស្ញែងពីរាស្ត្រថាជា "ស្តេចយុត្តិធម៌" ទៀតផង (ឧទាហរណ៍ជាក់ស្តែងក្នុងប្រវត្តិសាស្ត្រចិន គឺស្តេច ឈៀនឡុង និង មន្ត្រី ហឺសិន)។
មេដឹកនាំ ចូលចិត្តប្រើមនុស្សអាក្រក់ ព្រោះ...
- មនុស្សអាក្រក់ហ៊ានធ្វើរឿងអសីលធម៌ ឃោរឃៅ ឬខុសច្បាប់ ដើម្បីសម្រេចគោលដៅ ដោយជួយរក្សាដៃមេដឹកនាំឱ្យនៅស្អាតស្អំជានិច្ច។
- ពេលមានបញ្ហា គម្រោងបរាជ័យ ឬមានកំហឹងពីមហាជន មេដឹកនាំអាចទម្លាក់កំហុស និងបូជាពួកគេចោលយ៉ាងងាយស្រួល ដើម្បីការពារភាពត្រឹមត្រូវរបស់ខ្លួនឯង។
- សម្រេចការងារលឿនដោយគ្មានមនោសញ្ចេតនា ពួកគេមិនខ្វល់ពីការយោគយល់ ឬអាណិតអាសូរឡើយ ហ៊ានកាត់រឹបអូស បញ្ឈប់ការងារ ឬពិន័យអ្នកដទៃ ដែលធ្វើឱ្យការងារតឹងតែងឆាប់បានលទ្ធផល។
- មនុស្សអាក្រក់ដើរតួជាអ្នកកាចសាហាវ ចំណែកមេដឹកនាំដើរតួជាអ្នកចិត្តល្អ ដើម្បីងាយស្រួលទាញយកការគោរពស្រឡាញ់ និងការគាំទ្រពីកូនចៅ។
- មេដឹកនាំប្រើពួកគេដើម្បីគំរាមកំហែង និងគ្រប់គ្រងកូនចៅផ្សេងទៀតឱ្យស្ថិតក្នុងគន្លង ដោយមេដឹកនាំមិនចាំបាច់ចេញមុខធ្វើជាអ្នកកាចផ្ទាល់។
- មនុស្សអាក្រក់ច្រើនតែមានរឿងអាស្រូវ ឬសត្រូវច្រើន ដូច្នេះពួកគេត្រូវពឹងផ្អែកលើការការពារពីមេដឹកនាំទាំងស្រុង ដែលធ្វើឱ្យពួកគេមិនហ៊ានក្បត់។
- មនុស្សប្រភេទនេះមិនខ្វល់ពីហេតុផលសីលធម៌ថា "ត្រូវ ឬខុស" នោះទេ ឱ្យតែមេបញ្ជា គឺពួកគេសម្រុកធ្វើភ្លាមៗ។
- បោសសម្អាតគូប្រជែងចោល ពួកគេមានសមត្ថភាព និងភាពអត់ធ្មត់ក្នុងការលេងល្បិចកខ្វក់ ដើម្បីកម្ចាត់អ្នកណាដែលជាឧបសគ្គ ឬជាការគំរាមកំហែងដល់អំណាចរបស់មេដឹកនាំ។
- វត្តមានរបស់ពួកគេជួយបង្កើតជម្លោះផ្ទៃក្នុង ធ្វើឱ្យកូនចៅផ្សេងទៀតរវល់តែទាស់ទែងគ្នា ឬភ័យខ្លាច រហូតមិនអាចរួបរួមគ្នាប្រឆាំងនឹងមេដឹកនាំបាន។
- ពូកែស៊ើបការណ៍ និងចាប់កំហុស ព្រោះពួកគេមានបណ្ដាញ និងល្បិចកលច្រើនក្នុងការតាមដាន លួចស្តាប់ ឬចាប់កំហុសអ្នកដទៃ ដើម្បីយកមារាយការណ៍ប្រាប់មេដឹកនាំ។
ចុះបើជួបមនុស្សល្អដែលមានសមត្ថភាពវិញ?
អធិរាជប្រើល្បិចកល នឹងមិនប្រញាប់លើកស្ទួយភ្លាមៗនោះទេ ប៉ុន្តែទ្រង់នឹងក្លែងធ្វើជាបញ្ជូនពួកគេទៅកាន់ទីកន្លែងដាច់ស្រយាល និងលំបាក ដើម្បីរង់ចាំរហូតដល់ខ្លួនឯងជិតអស់អំណាច (ជិតសុគត) ទើបផ្ទេរអំណាចបន្តឱ្យព្រះរាជបុត្រ ដោយហៅមនុស្សល្អនោះត្រឡប់មកទទួលតំណែងធំវិញ ដើម្បីទិញទឹកចិត្តឱ្យមន្ត្រីនោះមានសេចក្តីដឹងគុណ និងព្រមថ្វាយជីវិតបម្រើអ្នកគ្រប់គ្រងថ្មីដោយស្មោះត្រង់។
ចំពោះអ្នកប្រាជ្ញ ឬមនុស្សល្អ អធិរាជមានវិធីសាស្ត្រគ្រប់គ្រងមួយ គឺ "ការធ្វើឱ្យរងទុក្ខ រួចផ្តល់សេចក្តីសង្គ្រោះ"
- ការទម្លាក់មនុស្សល្អទៅកន្លែងលំបាក គឺដើម្បីបំបាក់ភាពអំនួត និងលត់ដំផ្លូវចិត្ត។
- ការហៅត្រឡប់មកវិញដោយអ្នកស្នងតំណែង (រជ្ជទាយាទ) គឺជាការបង្កើត "គុណបំណាច់សង្គ្រោះជីវិត" មនុស្សល្អតែងតែឱ្យតម្លៃលើការដឹងគុណ យុទ្ធសាស្ត្រនេះធានាបានថា អ្នកស្នងតំណែងជំនាន់ក្រោយ នឹងទទួលបានមន្ត្រីដ៏ស្មោះត្រង់ម្នាក់ដែលហ៊ានស្លាប់ជំនួសខ្លួន។
នៅក្នុងក្រសែភ្នែកអ្នកមានអំណាចផ្តាច់ការ មនុស្សដែលគួរឱ្យខ្លាចបំផុត មិនមែនជាសត្រូវដែលមានអាវុធទេ តែជា "មនុស្សដែលមានឧត្តមគតិ និងសីលធម៌ខ្ពស់"
ហេតុអ្វី? ព្រោះមនុស្សល្អមិនអាចទិញបានដោយលុយ ឋានៈ ឬស្រីស្អាតឡើយ ពួកគេធ្វើការដោយផ្អែកលើ "គោលការណ៍ច្បាប់ និងភាពត្រឹមត្រូវ" មិនមែនធ្វើការដើម្បី "ផ្គាប់ចិត្តចៅហ្វាយនាយ" នោះទេ។
នៅពេលដែលអ្នកដឹកនាំមិនអាចរកចំណុចខ្សោយ (លោភៈ ទោសៈ មោហៈ) របស់មនុស្សល្អបាន អ្នកដឹកនាំនឹងមានអារម្មណ៍ថាមិនមានសុវត្ថិភាព ព្រោះគេមិនអាចគ្រប់គ្រងមនុស្សល្អនោះបាន។ បើថ្ងៃណាមួយ អ្នកដឹកនាំធ្វើខុស មនុស្សល្អនឹងហ៊ានចេញមុខប្រឆាំងដោយមិនខ្លាចស្លាប់ ដែលនេះជាការគំរាមកំហែងយ៉ាងធំដល់អំណាចផ្តាច់ការ។
ប៉ុន្តែអ្នកដឹងទេ? កូនអុកដែលគ្រោះថ្នាក់បំផុតនៅលើក្តារនេះ មិនមែនជាមនុស្សអាក្រក់ដែលចាំតែបញ្ចុកបញ្ចោរនោះទេ តែផ្ទុយទៅវិញ គឺ "មនុស្សល្អដែលគ្មានចំណុចខ្សោយ" ទៅវិញទេ។
ព្រោះមនុស្សអាក្រក់ងាយស្រួលនឹងគ្រប់គ្រង ដូចជាសត្វឆ្កែដែលគេចិញ្ចឹមដោយប្រើឆ្អឹង គ្រាន់តែបោះផលប្រយោជន៍ឱ្យ ក៏ព្រមស្តាប់បង្គាប់ ប៉ុន្តែមនុស្សល្អដែលមានភាពស្មោះត្រង់ និងមិនមានចំណុចខ្សោយ គឺជាមនុស្សដែលគួរឱ្យខ្លាចបំផុត ពីព្រោះពួកគេមិនអាចត្រូវបានគ្រប់គ្រងដោយលុយ ឬអំណាចឡើយ ហើយនៅពេលណាមួយដែល "មនុស្សល្អ" ទាំងនេះក្រោកឈរឡើងតស៊ូ ពួកគេគឺជាអ្នកដែលនឹងចូលមករុះរើផ្លាស់ប្តូរម្ចាស់ផ្ទះតែម្តង។
ថ្ងៃនេះ សាកល្បងឱនមើលខ្លួនឯងបន្តិចទៅមើល៍ ថាតើមនុស្សដែលកំពុងតែញញឹម និងធ្វើល្អដាក់អ្នកនៅពេលនេះ គេចូលមកដោយសារតែស្រឡាញ់អ្នក ឬដោយសារតែកំពុងគណនាថា អ្នកមានផលប្រយោជន៍អ្វីខ្លះសម្រាប់គេឱ្យប្រមូលកើបយក?
នៅក្នុងសង្គមដែលពោរពេញទៅដោយការពាក់របាំងមុខ ត្រឹមតែធ្វើជាមនុស្សល្អ គឺមិនគ្រប់គ្រាន់នោះទេ អ្នកត្រូវតែតាមឱ្យទាន់សន្តានចិត្តមនុស្ស ហើយការយល់ដឹងពីល្បែងស៊ីសងនេះ គឺជាផ្លូវរស់រានមានជីវិតតែមួយគត់របស់អ្នក។
អត្ថបទនេះ សុវត្ថន៍ចង់ឆ្លុះបញ្ចាំងអំពី "ចិត្តសាស្ត្រងងឹត" និង "ទស្សនវិជ្ជានៃអំណាច" ដែលត្រូវបានប្រើប្រាស់ដោយអ្នកដឹកនាំតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន (ដូចជាទ្រឹស្តីនៅក្នុងសៀវភៅ The Prince របស់ Machiavelli ជាដើម)។
សុវត្ថន៍ ចង់ដាស់តឿនបន្ដិចថា...
- កុំធ្វើជាមនុស្សល្អដែលទន់ខ្សោយពេក ការមានសីលធម៌គឺជារឿងត្រឹមត្រូវ ប៉ុន្តែបើអ្នកគ្រាន់តែ "ល្អ" ដោយគ្មាន "បញ្ញា" នោះអ្នកនឹងក្លាយជាឈ្នាន់ ឬកូនអុកសម្រាប់មនុស្សអាក្រក់ជាន់ឈ្លី។
- ត្រូវចេះអានចិត្តមនុស្សឱ្យច្បាស់ រៀនសង្កេតមើលចេតនាពិតប្រាកដរបស់មនុស្សដែលចូលមកក្បែរអ្នក។ តើគេមកដោយស្មោះ ឬមកដោយសារតែផលប្រយោជន៍?
- ត្រូវស្គាល់ពីសភាវគតិមនុស្ស មនុស្សភាគច្រើនត្រូវបានជំរុញដោយ ភាពភ័យខ្លាច និង ការលោភលន់។ បើអ្នកយល់ពីចំណុចនេះ អ្នកនឹងលែងងាយចាញ់បោកគេ ហើយអាចការពារខ្លួន ក៏ដូចជាដោះស្រាយបញ្ហាស្មុគស្មាញក្នុងកន្លែងធ្វើការ ឬការរកស៊ីបានយ៉ាងរឹងមាំ។
ដើម្បីរស់រាន និងជោគជ័យក្នុងលោកិយដែលពោរពេញដោយការប្រកួតប្រជែងនេះ "អ្នកត្រូវតែមានចិត្តមេត្តាប្រកបដោយបញ្ញា តែមិនបណ្តោយឱ្យគេជិះជាន់" ទើបអាចក្លាយជា "អ្នកលេងអុក" ជាជាង "កូនអុក" របស់គេ។
_____សុវត្ថន៍-Sovathn
#សុវត្ថន៍_Sovathn #អំពើពុករលួយ #មន្រ្តីពុករលួយ #មន្រ្តីអាក្រក់ #មេដឹកនាំ #ផ្លូវងងឹត #មេ #អ្នកដឹកនាំ #ថៅកែ #គុណធម៌ #សីលធម៌ #គ្មានសីលធម៌ #អ្នកពូកែ #អ្នកចេះដឹង #អ្នកជំនាញ #រំលោភសិទ្ធិ #ផ្លូវរបស់អ្នកខ្លាំង #ភាពរឹងមាំ #អ្នកប្រយុទ្ធ #សេចក្តីថ្លៃថ្នូរ #ភាពជោគជ័យ #ភាពរឹងមាំ #អ្នកតស៊ូ #សេចក្តីថ្លៃថ្នូរ #ភាពឯកោ #ការតាំងចិត្ត #មនុស្សអាត្មានិយម #មនុស្សអាក្រក់ #ភាពជាអ្នកដឹកនាំ
PSG - Paris Saint-Germain